សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួន ជំរុញការអភិវឌ្ឍន៍វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ឱ្យផលិតបាននូវមូលធនមនុស្សដែលមានជំនាញពិតប្រាកដ 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ឱ្យផលិតបាននូវមូលធនមនុស្សប្រកបដោយចំណេះដឹងទូលំទូលាយ ដែលមានជំនាញពិតប្រាកដ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

 

ការផ្តល់អនុសាសន៍នេះធ្វើឡើង ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

 

ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ឱ្យផលិតបាននូវមូលធនមនុស្សប្រកបដោយចំណេះដឹងទូលំទូលាយ ដែលមានជំនាញពិតប្រាកដ ព្រមទាំងមានសីលធម៌ និងវិន័យល្អ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

 

ទី១៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈ ការពង្រឹងប្រព័ន្ធ បណ្ដុះបណ្តាលជំនាញ កែលម្អប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍជំនាញ, ផ្លាស់ប្តូរជំនាញ, និងបង្កើនជំនាញ តាមរយៈការកែតម្រង់កម្មវិធីបណ្តុះបណ្តាលជំនាញ, កម្មវិធីផ្លាស់ប្តូរជំនាញ, កម្មវិធីបង្កើនជំនាញ, កម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ, កម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពដែលមានពីមុន, និងកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារ; ដោះស្រាយបញ្ហានៃភាពមិនស៊ីសង្វាក់គ្នារវាងការ បណ្តុះបណ្តាល និងតម្រូវការទីផ្សារ, ទាំងប្រភេទ និងគុណភាពជំនាញ, តាមរយៈការពង្រឹងកម្មវិធីហ្វឹកហ្វឺនកូនជាង, កម្មវិធីបណ្តុះបណ្តាលជំនាញផ្អែកលើការងារ, និងកម្មវិធីបណ្តុះបណ្តាលជំនាញ តាមបច្ចេកវិទ្យាឌីជីថល; និងជំរុញការបណ្ដុះបណ្តាលចល័ត និងការបង្កើនវេនសិក្សាឱ្យបានច្រើន ស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

 

ទី២៖ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសហការកាន់តែជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តជំរុញការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ បណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ តាមរយៈ ការពង្រឹងអភិបាលកិច្ចល្អ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្តាល, ការពង្រឹងគុណភាពនៃការអប់រំបណ្ដុះបណ្ដាលគ្រប់

កម្រិត, ការជំរុញការដាក់ឱ្យប្រើប្រាស់ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបញ្ចូល «គន្លងវិជ្ជាជីវៈ» ទៅក្នុងការអប់រំនៅថ្នាក់មធ្យមសិក្សាទុតិយភូមិ, ការជំរុញការបង្កើតសាលារៀនជំនាន់ថ្មី និងសាលាគំរូ, និង ការលើកកម្ពស់ការអប់រំ ឌីជីថល រួមទាំង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល

 

ទី៣៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជំរុញប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធ នៃការអនុវត្ត «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ» និង «គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ» ដោយត្រូវបន្ស៊ីគ្នាជាមួយគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មថ្មី។ ក្នុងន័យនេះ ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ត្រូវពន្លឿនការសិក្សារៀបចំគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មថ្មី (New IDP Policy) ដោយត្រូវកំណត់ឱ្យបានជាក់លាក់អំពីឧស្សាហកម្ម និងផលិតកម្មអាទិភាព ដើម្បីជាមូលដ្ឋានក្នុងការសិក្សារៀបចំតម្រូវការជំនាញសម្រាប់រយៈពេល ខ្លី, មធ្យម និងវែង។

 

ទី៤៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ និង សង្គមស៊ីវិល បន្តជំរុញការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យបានគ្រប់១,៥ លាននាក់, ព្រមទាំងលើក កម្ពស់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ដោយផ្អែកលើតម្រូវការជាក់ស្តែង និងសក្តានុពលរបស់មូលដ្ឋានសាមី ដើម្បីគាំទ្រដល់យុទ្ធនាការបង្កើតការងារនៅហ្នឹងកន្លែង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

 

ទន្ទឹមនេះ, ត្រូវបន្តរៀបចំការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ជូនដល់ ពលករត្រឡប់មកពីប្រទេសថៃ ដើម្បីជំរុញការផ្លាស់ប្តូរជំនាញ ឱ្យស្របតាមតម្រូវការការងារក្នុងស្រុក ព្រមទាំងអនុវត្តការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ជំនាញ និង ការសិក្សាដែលមានពីមុន ដោយឥតគិតថ្លៃសម្រាប់ពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *