
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតម្លៃស្មើនឹងការសិក្សាថ្នាក់បរិញ្ញាបត្រ ហើយសង្គមមិនគួរមើលស្រាល ឬយល់ច្រឡំថា TVET ជាការសិក្សាកម្រិតទាបជាងការអប់រំទូទៅនោះឡើយ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចមហាបវរធិបតី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យុវជនយើងមួយចំនួនគិតថា TVET នេះរៀនទៅវាដូចជាថ្នាក់ទី២ កម្រិត២ មិនមែនកម្រិត១ ដូចបាក់ឌុប ឬមួយបរិញ្ញាបត្រ អត់ទេ, ទី១ ត្រូវពន្យល់គាត់ថា ការរៀន TVET នៀកមិនមែនជាស្តង់ដារកម្រិត២ទេ គឺមានតម្លៃស្មើនឹងយើងរៀនបរិញ្ញាបត្រ ឬមួយរៀនយកបាក់ឌុបដូចគ្នា កុំឲ្យមើលស្រាលលើជំនាញនេះ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្នុងចំណោមយុវជន និងប្រជាពលរដ្ឋមួយចំនួន នៅតែមានការយល់ឃើញថា ការសិក្សា TVET ជាជម្រើសទី២ ឬមានតម្លៃទាបជាងការសិក្សាថ្នាក់បាក់ឌុប និងបរិញ្ញាបត្រ។ ទោះជាយ៉ាងណា សម្ដេចបានបញ្ជាក់ថា ការយល់ឃើញបែបនេះមិនត្រឹមត្រូវនោះទេ ព្រោះការសិក្សា TVET មានស្តង់ដារ និងតម្លៃស្មើនឹងការសិក្សាថ្នាក់ឧត្តមសិក្សាដូចគ្នា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កត្តាសំខាន់មួយគឺត្រូវធ្វើឲ្យយុវជនយល់អំពីតម្លៃនៃជំនាញវិជ្ជាជីវៈ និងឱកាសដែលពួកគេទទួលបានពីការសិក្សា TVET។ រាជរដ្ឋាភិបាលបានផ្ដល់ឱកាស និងគ្រូបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹង ប៉ុន្តែភាពជោគជ័យនៅពេលអនាគត គឺអាស្រ័យលើការខិតខំប្រឹងប្រែង និងការចាប់យកឱកាសរបស់សិក្ខាកាមផ្ទាល់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យយុវជនផ្លាស់ប្តូរផ្នត់គំនិត ដោយចាត់ទុក ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាការសិក្សាដែលមានតម្លៃ និងកិត្តិយសដូចវិស័យសិក្សាដទៃទៀត ព្រោះជំនាញវិជ្ជាជីវៈជាមូលដ្ឋានដ៏សំខាន់សម្រាប់ការងារ ការបង្កើនប្រាក់ចំណូល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សូមជម្រាបថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយផ្ដល់ឲ្យអ្នកសិក្សានូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបទការងារចាំបាច់ ដើម្បីក្លាយជាកម្លាំងពលកម្មជំនាញ និងអ្នកបច្ចេកទេសដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។
ជាមួយគ្នានេះ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានរួមចំណែកកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ ពង្រឹងសមត្ថភាព និងភាពធន់របស់កម្លាំងពលកម្មទៅនឹងការប្រែប្រួលសេដ្ឋកិច្ច ការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ វាជួយឲ្យយុវជនអាចចាប់យកឱកាសការងារបានកាន់តែលឿន កាត់បន្ថយភាពគ្មានការងារធ្វើ និងពង្រីកការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឲ្យកាន់តែមានប្រសិទ្ធភាព៕