សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល មិនកាត់ថវិកាជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាលនោះទេ 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល មិនកាត់ថវិកាជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាលនោះទេ ខណៈវិស័យទាំងពីរនេះ និងធនធានមនុស្ស គឺជាអាទិភាពទី១ របស់រាជរដ្ឋាភិបាល។

 

ការបញ្ជាក់ជាថ្មីបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ។

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ម្ដងទៀត គឺរាជរដ្ឋាភិបាល គ្មានគម្រោងក្នុងការកាត់បន្ថយចំណាយ ឬគម្រោងថវិកា ទៅឲ្យវិស័យអប់រំ និងសុខាភិបាលនោះទេ មានតែគ្រោងបង្កើន ទោះបីជាយើងត្រូវពង្រឹងវិស័យការពារជាតិក៏ដោយ»។

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ធនធានមនុស្ស គឺអ្វីដែលជួយយើងឲ្យមានភាពធន់, ធនធានមនុស្សរឹងមាំ សេដ្ឋកិច្ចរឹងមាំ, សេដ្ឋកិច្ចរឹងមាំ ការពារជាតិរឹងមាំយូរអង្វែង នេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល ក៏មិនមែនអត់ធនធានមនុស្ស ដែលចេះគិតគូរអំពីអ្វីដែលជាវិស័យអាទិភាព និងអ្វីដែលជាវិស័យមិនអាទិភាពនោះទេ។

 

លើសពីនោះទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា វិស័យអប់រំ សុខាភិបាល និងធនធានមនុស្ស គឺជាអាទិភាពទី១ របស់រាជរដ្ឋាភិបាល ជាច្រើនអាណត្ដិកន្លងមក និងក៏នៅបន្ដជាអាទិភាពទី១ សម្រាប់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

 

ទន្ទឹមគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដគាំទ្រ ជួយដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងបានណែនាំឲ្យពង្រឹងគុណភាព លើការសិក្សា ទាំង Soft Skill និង Hard Skill ផងដែរ។

 

យោងតាមក្របខណ្ឌថវិកា រយៈពេលមធ្យម ២០២៧-២០២៩ ចំណាយវិស័យសង្គមកិច្ច ត្រូវបានគ្រោងកើនក្នុងអត្រា ៣.៤% សម្រាប់ឆ្នាំ២០២៧, ៨.៣% សម្រាប់ឆ្នាំ២០២៨ និង៥.០% សម្រាប់ឆ្នាំ២០២៩ ស្របពេលដែលវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ត្រូវបានគ្រោងកើនក្នុងអត្រា ១១.៤% សម្រាប់ឆ្នាំ២០២៧, ៣.៩% សម្រាប់ឆ្នាំ ២០២៨ និង ៣.៧% សម្រាប់ឆ្នាំ២០២៩។

 

វិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៤.៨២%នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៧ ពោលគឺនៅតែចាត់ទុកជាវិស័យអាទិភាពទី១ ក្នុងនោះសំដៅបន្តរក្សាលំនឹងជីវភាពប្រជាជន ព្រមទាំងលើកកម្ពស់សមធម៌សង្គម, បន្តលើកកម្ពស់គុណភាពអប់រំ និងគាំទ្រដល់ការពង្រឹង និងពង្រីកការទទួលបានសេវាអប់រំ, ការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ពិសេសនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម, លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រីកការទទួលបានសេវាថែទាំសុខភាព ឆ្ពោះទៅការគ្រប ដណ្តប់សុខភាព ជាសកលនៅកម្ពុជា, ជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម, ការបន្តផ្តល់របបសន្តិសុខសង្គម, ការលើកកម្ពស់សមភាពយេនឌ័រ, និងការបន្តគាំទ្រដល់គោលនយោបាយ អាទិភាពផ្សេងទៀត ក្នុងផ្នែកសង្គមកិច្ច, សាសនា, វប្បធម៌ និង បរិស្ថាន៕

Leave a Reply

Your email address will not be published. Required fields are marked *