
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡាដ្ឋានវិសាខា។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន ស.ស.យ.ក. លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បៈករ សិល្បៈការិនី ជាច្រើនផងដែរ។
ព្រឹត្តិការណ៍កីឡានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងលើកកម្ពស់សមត្ថភាពកីឡាការិនីមហាជន ឱ្យចូលរួមយ៉ាងសកម្មក្នុងវិស័យកីឡា ហើយអ្វីដែលជាចំណុចលេចធ្លោ និងទាក់ទាញបំផុតសម្រាប់រដូវកាលឆ្នាំ២០២៦នេះ ដោយបានកំណត់យកប្រធានបទ៖ «សាមគ្គីភាពជាតិរឹងមាំ»។
នាឱកាសនោះដែរ លោកអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឡើងធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្ដមានថ្នាក់ដឹកនាំ សមាជិក សមាជិកា សិល្បៈករ សិល្បការនី កីឡាករ កីឡាការនី ដែលបានអញ្ជើញចូលរួម នឹងថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ដែលបានផ្តួចផ្តើមគំនិតរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់នេះអស់រយៈពេល ៩ឆ្នាំកន្លងមកនេះ ដើម្បីផ្តល់ឱ្យយុវជនយើងមានការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើតភាពស្និតស្នាលរវាងគ្នានិងគ្នា ក៏ដូចជាលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ប្រព្រឹត្តិក្រោមប្រធានបទ៖ «សាមគ្គីភាព ជាតិរឹងមាំ» ដែលជាការផ្សាភ្ជាប់ទៅនឹង ការកសាងស្មារតីជាតិនៃប្រជាជន តាមរយៈការរួបរួមសាមគ្គីជាធ្លុងមួយដរាបណាស្មារតីជាតិនៅតែមាន សាមគ្គីភាពជាតិ កាន់តែរឹងមាំ មិនមានសត្រូវណាអាចបំបែកបំបាក់ប្រទេសជាតិយើងបាននោះឡើយ។
លោកបានបន្ដថា ការប្រកួតតែងតែមានចាញ់ មានឈ្នះ ក៏ប៉ុន្ដែសូមឱ្យកីឡាករ កីឡាការិនីទាំងអស់ សំលឹងមើលឱ្យលើសពីការប្រកួត ហើយសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ចូលរួមគោរពឱ្យបាន ម៉ឺងម៉ាត់នូវបទបញ្ជាផ្ទៃក្នុងនៃការប្រកួត និងគោលការណ៍ ត្រូវប្រកាន់ ខ្ជាប់នូវស្មារតីយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកប្រកបដោយសុច្ចរិតភាព។
គួរបញ្ជាក់ដែរថា ការជ្រើសរើសប្រធានបទ៖ «សាមគ្គីភាពជាតិរឹងមាំ» គឺធ្វើឡើងក្នុងគោលដៅបំផុសស្មារតីដល់យុវជន និងប្រជាពលរដ្ឋគ្រប់រូប ឱ្យកាន់តែមានសេចក្ដីស្រឡាញ់ជាតិមាតុភូមិ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ព្រមទាំងជាការសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរកងទ័ព ដែលតែងតែលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។
សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី៩ ឆ្នាំ២០២៦នេះ មានក្រុមបាល់ទាត់មហាជនចូលរួមប្រកួតសរុបចំនួន ៦៤ក្រុម ក្នុងនោះរួមមាន ក្រុមបុរសចំនួន ៥៦ក្រុម និងក្រុមនារី ចំនួន ៨ក្រុម ដែលនឹងត្រូវធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមពានរង្វាន់ជើងឯកប្រចាំឆ្នាំ២០២៦៕