រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការចូលរួមរបស់សហគ្រាសចិន នៅកម្ពុជា បានក្លាយជាផ្នែកមួយនៃការជំរុញការវិនិយោគ ការបង្កើតការងារ ការផ្ទេរជំនាញ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានបន្តរីកចម្រើនយ៉ាងសំខាន់ ក្នុងបរិយាកាសនៃមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួម។ ការចូលរួមរបស់សហគ្រាសចិននៅកម្ពុជា បានក្លាយជាផ្នែកមួយនៃការជំរុញការវិនិយោគ ការបង្កើតការងារ ការផ្ទេរជំនាញ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន។

 

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនាព្រលប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងឱកាសលោកបានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធក្រុមហ៊ុន Dingfeng International និងសមាគមពាណិជ្ជកម្មជិនហួរនៅកម្ពុជា និងគម្រោងពាណិជ្ជកម្មសំខាន់ៗ ដែលកំពុងបង្ហាញពីស្មារតីវិនិយោគ សហប្រតិបត្តិការ និងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ប៉ុន្តែការវិនិយោគដែលល្អបំផុត គឺការវិនិយោគដែលគោរពច្បាប់ គោរពវប្បធម៌មូលដ្ឋាន គោរពសិទ្ធិ និងអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយចូលរួមជាមួយអាជ្ញាធរ សហគមន៍ និងដៃគូក្នុងស្រុក ដើម្បីបង្កើតបរិយាកាសអាជីវកម្មដែលមានសុខភាពល្អ និងចីរភាព។

 

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យ Dingfeng International បន្តចាត់ទុកកម្ពុជា មិនត្រឹមតែជាទីតាំងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូអភិវឌ្ឍន៍រយៈពេលវែង។ ការរីកចម្រើនរបស់ក្រុមហ៊ុនគួរត្រូវបានភ្ជាប់ជាមួយការបណ្តុះបណ្តាលធនធានមនុស្សខ្មែរ ការផ្តល់ឱកាសដល់សហគ្រាសក្នុងស្រុក ការប្រើប្រាស់សេវាកម្ម និងផលិតផលក្នុងស្រុកតាមលទ្ធភាព និងការចូលរួមក្នុងសកម្មភាពសង្គមដែលមានប្រយោជន៍។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមអបអរសាទរចំពោះ Dingfeng International, Cambodia Fuguanyuan Real Estate Development Co., Ltd. និង Acto City ចំពោះការបោះជំហានថ្មីមួយនេះ និងជូនពរឱ្យគម្រោងទាំងអស់ទទួលបានជោគជ័យ ប្រកបដោយគុណភាព សុចរិតភាព និងចីរភាព។សូមឱ្យ Dingfeng International ក្លាយជាវេទិកាពាណិជ្ជកម្មមួយដែលមានទំនុកចិត្តខ្ពស់ សេវាកម្មល្អ ស្តង់ដារល្អ និងជាដៃគូដែលរួមចំណែកយ៉ាងវិជ្ជមានដល់ការអភិវឌ្ឍទីក្រុង ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *