រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកបងប្អូនកម្មករនិយោជិតជាវីរបុរសនៃគ្រួសារ និងសង្គមជាតិ

Oplus_16908288

(ស្វាយរៀង)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលបានប្រារព្ធឡើងនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជា ១ ៦០០នាក់។

 

ក្នុងទិវាប្រចាំឆ្នាំដ៏មានអត្ថន័យជ្រាលជ្រៅរបស់កម្មករនិយោជិត នាឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដោយបានចាត់ទុកកម្មករនិយោជិតគឺជា «វីរបុរសពិតប្រាកដនៃគ្រួសារ សង្គម និងប្រទេសជាតិ» ដោយសារបានលះបង់កម្លាំងកាយចិត្តមកបំពេញការងារនៅតាមបណ្ដារោងចក្រ សហគ្រាស ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងក្លាយជាសសរស្ដម្ភដ៏រឹងមាំក្នុងការស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ក៏ដូចជាការសិក្សារបស់កូនចៅ។

 

ជាមួយនឹងការរំលឹកពីប្រវត្តិនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពី ១៤០ឆ្នាំមុន លោករដ្ឋមន្ត្រីបានលើកឡើងថា ការប្រារព្ធទិវានេះធ្វើឡើងដោយមានប្រធានបទផ្សេងៗគ្នាជារៀងរាល់ឆ្នាំ។ ប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» សម្រាប់ឆ្នាំ២០២៦នេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានភាពធន់ និងចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅ។ លោករដ្ឋមន្រ្តីបានលើកយកប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦ ខែមេសានេះថា ការងារសមរម្យគឺ ជាការងារដែលប្រកដោយសុខុមាលភាព លក្ខខណ្ឌកាន់តែប្រសើរ ផ្តល់ប្រាក់កម្រៃប្រសើរជាងមុន សម្រាប់បងប្អូនកម្មករនិយោជិត។

 

ទន្ទឹមនឹងនេះ លោក ហេង សួរ បានលើកទឹកចិត្តឱ្យមានការគោរពតាមស្មារតីនៃទិវា ១ ឧសភា ជាបន្តទៀត ដើម្បីពិនិត្យមើលឱ្យមានភាពកាន់តែប្រសើរឡើងនៃលក្ខខណ្ឌការងារ និងវិធីសាស្រ្តអនុវត្តការងារកាន់តែល្អ ព្រោះថាថ្ងៃ ១ ឧសភា មិនត្រឹមតែជាថ្ងៃរំលឹកតែប៉ុណ្ណោះ ប៉ុន្តែការអនុវត្តជាក់ស្តែង គឺនៅតែមានកាតព្វកិច្ចជារៀងរាល់ថ្ងៃ ទាំងនិយោជក មន្រ្តីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ដែលត្រូវតែបន្ត អនុវត្តឱ្យស្របតាមលក្ខខណ្ឌការងារ និងវិធីសាស្រ្តផងដែរ ដើម្បីជាផលប្រយោជន៍ទាំងនិយោជក និងកម្មករនិយោជិតក៏ដូចជាកំណើនសេដ្ឋកិច្ចកាន់តែប្រសើរផងដែរ។

 

លោកបានបន្តថា ខេត្តស្វាយរៀងបានប្រែក្លាយជាខេត្តឈានមុខដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ ដែលនេះគឺជាសមិទ្ធផលកើតចេញពី កិច្ចសហការយ៉ាងល្អប្រសើររវាងរដ្ឋបាលខេត្ត និងវិនិយោគិន ក្រោមបរិយាកាសនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលមិនត្រឹមតែអាចស្រូបទាញកម្លាំងពលកម្មពីអតីតពលករមកពីក្រៅប្រទេសបានរាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែខេត្តនេះក៏នៅតែបន្តមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៧ពាន់នាក់ទៀតក្នុងមួយសប្តាហ៍នាពេលបច្ចុប្បន្ន។

 

លើសពីនេះ លោករដ្ឋមន្ត្រីបានធ្វើការពន្យល់ដ៏ក្បោះក្បាយរវាងការងារក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយឯកឧត្តមបានគូសបញ្ជាក់ពីការបន្តពង្រឹងប្រព័ន្ធគាំពារសង្គម តាមរយៈការទទួលបានអត្ថប្រយោជន៍នៃសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងខេត្តស្វាយរៀង និងការពង្រីកវិសាលភាពនៃសេវាសុខាភិបាលឱ្យកាន់តែខិតជិតបងប្អូនកម្មករ។ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដោយឥតបង់ថ្លៃ ដើម្បីបង្កើនសមត្ថភាព និងឱកាសការងារឱ្យកាន់តែប្រសើរឡើងជាងមុន។

 

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកបច្ចេកទេស និយោជក និងកម្មករនិយោជិត និងសហជីពឱ្យឈ្វែងយល់កាន់តែច្រើនពី លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងថែរក្សាសុខភាព ជាពិសេសនៅក្នុងរដូវក្តៅនេះ ហើយបន្តរួមគ្នារក្សាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោយត្រូវចាត់ទុកសហគ្រាសគឺជា «ឆ្នាំងបាយរួម» និងជា «ផ្ទះទីពីរ» ដែលត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្ស។ ម្យ៉ាងទៀតដើម្បីខឿនការពារជាតិរឹងមាំ និងការអភិវឌ្ឍរីកចំរើនតទៅមុខ។ លោក ហេង សួរ ក៏បានក្រើនរំលឹកដល់បងប្អូនទាំងអស់ត្រូវមានជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងជៀសវាងឱ្យឆ្ងាយពីការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយមដែលព្យាយាមឆក់យកឱកាសនេះ បង្កផលប៉ះពាល់ដល់ស្ថិរភាពសង្គម ក្នុងកាលៈទេសៈដែលយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ៕

Leave a Reply

Your email address will not be published. Required fields are marked *