សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា គម្រប់៩០ យាងចូល ៩១ព្រះវស្សា

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា គម្រប់៩០ យាងចូល ៩១ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាពេលខាងមុខ។

សារលិខិតមានខ្លឹមសារទាំងស្រុងថា «ខ្ញុំម្ចាស់ និងសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ជាភិយ្យោភាពតរៀងទៅ។

ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែងនូវព្រះរាជកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែប្រកបដោយទសពិធរាជធម៌ គុណធម៌ មនុស្សធម៌ដ៏ថ្លៃថ្លា និងគង់ប្រថាប់ជានិមិត្តរូបដ៏ពិសិដ្ឋក្នុងការគោរពប្រតិបត្តិតាមមាគ៌ាដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា ដើម្បីសន្សំព្រះរាជបុញ្ញកុសលនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងភាពសម្បូរសប្បាយ រុងរឿង ថ្កុំថ្កើង តម្កល់ជាឧត្តមប្រយោជន៍ដ៏មហាធំធេងសម្រាប់សង្គមជាតិ និងប្រជារាស្ត្រកម្ពុជា ជាកូន ចៅ ចៅទួតរបស់ព្រះអង្គដ៏យូរអង្វែងតរៀងទៅ។

ក្នុងឱកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លានេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ តេជះព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេស ទេវតាឆ្នាំថ្មីព្រះនាង រាក្យសាទេវី សូមព្រះមេត្តាជួយអភិបាលប្រោសព្រំ គ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ»។

Leave a Reply

Your email address will not be published. Required fields are marked *