ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់

Oplus_16908288

(ពោធិ៍សាត់)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល ក្រសួងការពារជាតិ បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។

 

គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាត និងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។

 

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

Leave a Reply

Your email address will not be published. Required fields are marked *