
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ បានស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ។
តាមរយៈលិខិតរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា៖ «ដើម្បីចូលរួមចំណែកអនុវត្តផែនការខាងលើនេះ ខ្ញុំសូមស្នើឯកឧត្តម លោកជំទាវ លោកអ្នក ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់បន្តជំរុញការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ដោយត្រូវកំណត់ម៉ោងសម្រាប់សហការចាក់ផ្សាយ និងប្រសិនបើមានលទ្ធភាព សូមចូលរួមផលិតមាតិកាតុមូល វីដេអូអប់រំខ្លី ចម្រៀងកម្សាន្ត ឬរឿងកំប្លែងបង្កប់អត្ថន័យអប់រំពី គ្រឿងញៀនខុសច្បាប់ និងសារ/ស្ថិតអប់រំនៅតាមកញ្ចក់ទូរទស្សន៍ និងផ្សព្វផ្សាយតាមវិទ្យុ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ និងសហគមន៍ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចៀសផុតពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀន»៕