សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្តឱ្យសិស្ស និស្សិត យុវជនចំណាយពេលឱ្យបានកាន់តែច្រើន ដើម្បីអានសៀវភៅ ដើម្បីបង្កើនចំណេះដឹង

Oplus_16908288

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកទឹកចិត្តឱ្យ សិស្ស និស្សិត និងយុវជនទាំងអស់ត្រូវខិតខំ និងចំណាយពេលឱ្យបានកាន់តែច្រើន ដើម្បីអានឯកសារ និងសៀវភៅ ទោះជាការអានម្នាក់ឯង ឬការអានជាក្រុមដើម្បីបង្កើនចំណេះដឹងបន្ថែមទៀត។

 

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអណអធិបតីដឹកនាំប្រារព្ធទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» និងដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងភ្ញៀវជាតិ អន្តរជាតិ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត បុគ្គលិកអប់រំ សិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។

 

ថ្លែងនាឱកាសដ៏ពិសេសនេះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១១ នាថ្ងៃនេះ ក្នុងស្មារតីគោរពដឹងគុណវីរភាពរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូពុះពារការពារមរតកវប្បធម៌អក្សរសាស្រ្តខ្មែរ និងដើម្បីលើកកម្ពស់វប្បធម៌អាន និងបណ្ដុះទម្លាប់អានពេញមួយជីវិតដល់សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជា។

 

ជាមួយគ្នានេះសម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរចំពោះលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានខិតខំបំពេញបេសសកម្មតាមតួនាទីភារកិច្ច និងជម្រុញអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា ជាពិសេស ចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

 

ដើម្បីលើកកម្ពស់អំណានឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និងផ្តល់ឱកាសអំណានកាន់តែច្រើនថែមទៀតដល់សិស្សានុសិស្ស និស្សិត និងយុវជន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកទឹកចិត្តឱ្យអ្នកនិពន្ធទាំងឡាយ សូមបន្ត និងបង្កើនការនិពន្ធ ការបោះពុម្ភស្នាដៃបន្ថែមទៀតឱ្យកាន់តែសម្បូរបែប ជាពិសេសការនិពន្ធជាភាសាខ្មែរ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ សូមបន្តរៀបចំឱ្យមានបណ្ណាល័យ ឬមជ្ឈមណ្ឌលរក្សាឯកសារឌីជីថល សម្រាប់សម្រួលដល់ការរកឯកសារ សៀវភៅសម្រាប់ការអាន។

 

ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រីកការអនុវត្តឧត្តមានុវត្តន៍នៃកម្មវិធីអំណានថ្នាក់ដំបូងនៅបឋមសិក្សា កម្មវិធីកុមាររៀនកុមារចេះ កម្មវិធីអក្ខរកម្មនៅតាមរោងចក្រ សហគ្រាស ពន្ធនាគារ ។ល។ គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់សូមបន្ត និងខិតខំឱ្យអស់លទ្ធភាពក្នុងការបង្កើតបណ្ណាល័យ ឬជ្រុងអំណាន ដើម្បីឱ្យសិស្សានុសិស្ស និស្សិត សាមណសិស្ស សាមណនិស្សិត និងយុវជនគ្រប់រូបអាចទទួលបាន និងស្វែងរកឯកសារ និងសៀវភៅ សម្រាប់ការអានបន្ថែម។

 

ជាមួយគ្នានោះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យសិស្ស និស្សិត និងយុវជនទាំងអស់ត្រូវខិតខំ និងចំណាយពេលឱ្យបានកាន់តែច្រើន ដើម្បីអានឯកសារ និងសៀវភៅ ទោះជាការអានម្នាក់ឯង ឬការអានជាក្រុមក្តី ។ បងប្អូនជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល សូមជួយជំរុញ និងបង្កលក្ខណៈកាន់តែច្រើនថែមទៀត ជាពិសេសការលៃលកចំណាយនៅក្នុងគ្រួសារ សម្រាប់ការទិញសម្ភារសិក្សា សៀវភៅអាន និងឧបករណ៍សម្រាប់អំណានដទៃដល់កូនៗ ដែលចាត់ទុកជាការវិនិយោគមួយដ៏សំខាន់សម្រាប់បង្កើនចំណេះដឹង និងដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគេ។

 

បន្ថែមលើនេះ សម្តេចកិត្តិសង្គហបណ្ឌិត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិសង្គមស៊ីវិល អង្គការអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សា និងអ្នកពាក់ព័ន្ធ ដែលតែងតែចូលរួម និងគាំទ្រដល់ការអាន តាមគ្រប់រូបភាព ជាពិសេសគណៈកម្មការរៀបចំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម និងគាំទ្រការរៀបចំប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំ ឱ្យប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងកុះករ៕

Leave a Reply

Your email address will not be published. Required fields are marked *