
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់ទុកកម្មវិធីទូរស័ព្ទដៃ (App NoDrug) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាមធ្យោបាយសំខាន់ដើម្បីរាយការណ៍អំពីបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានមកកាន់សមត្ថកិច្ចជំនាញ ដើម្បីស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបោសសម្អាតគ្រឿងញៀន។
ការលើកឡើងរបស់លោកអភិសន្ដិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាសហអធិបតីជាមួយលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីផ្សព្វផ្សាយយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
ឧបនាយករដ្ឋមន្ដ្រី ស សុខា ដែលបានទាញយកកម្មវិធី (App) នេះមកប្រើប្រាស់ និងមើលដោយផ្ទាល់ បានអះអាងថា App NoDrug ពិតជាកម្មវិធីមួយដ៏ល្អ និងរួមចំណែកយ៉ាងសំខាន់ដើម្បីបោសសម្អាតគ្រឿងញៀនចេញពីមូលដ្ឋាន។ លោកបានទាញនូវការចាប់អារម្មណ៍ឲ្យមន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែទាញយកកម្មវិធីនេះមកប្រើប្រាស់ និងពន្យល់ទៅកាន់ប្រជាពលរដ្ឋ។
លោកអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា មុនណែនាំដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់កម្មវិធីនេះ ក្នុងនាមជាមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវតែមានកម្មវិធីនេះ និងយល់ឲ្យច្បាស់អំពីផលប្រយោជន៍ គុណតម្លៃនៃកម្មវិធីនេះ។ លោកបានគូសបញ្ជាក់ថា មធ្យោបាយរាយការណ៍អំពីបទល្មើសគ្រឿងញៀនមួយនេះ គឺរក្សាការសម្ងាត់ដល់អ្នករាយការណ៍ មិនឲ្យអ្នកណាដឹងឡើយ។
សូមជម្រាបថា កម្មវិធីទូរស័ព្ទដៃ NoDrug បានក្លាយជាមធ្យោបាយដ៏ល្អទាន់សម័យ និងពេញនិយម សម្រាប់មហាជនទូទៅធ្វើទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ច និងរាយការណ៍ពីបញ្ហាបទល្មើស
គ្រឿងញៀនដែលកើតមាននៅតាមសហគមន៍ ដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចជួយ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា។
មកទល់បច្ចុប្បន្ននេះ មានអ្នកទាញយកកម្មវិធីនេះទុកប្រើប្រាស់ ប្រមាណជិត៧ម៉ឺននាក់។ ជាក់ស្តែង តាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug អង្គភាពជំនាញបានទទួលរបាយ ការណ៍ពីបញ្ហាផ្សេងៗ និងបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានចំនួនសរុប២,៩២០ករណី ក្នុងនោះបានដោះស្រាយរួចចំនួន១,៧២៣ករណី កំពុងដោះស្រាយចំនួន៣៥៦ករណី ព័ត៌មានមិនត្រឹមត្រូវចំនួន ២១៦ករណី ការសាកល្បងចំនួន៩១ករណី ព័ត៌មានផ្សេងៗចំនួន១៨៣ករណី និងព័ត៌មានដដែលចំនួន៣៥១ករណី។