រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញលទ្ធផលកិច្ចប្រជុំសម្របសម្រួលរវាងអ្នកបើកបរម៉ូតូកង់បី និងតាក់ស៊ីតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយក្រុមហ៊ុនអ៊ែប (Apps)

Oplus_16908288

 

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានជុំវិញប្រជុំសម្របសម្រួល តាមការស្នើសុំរបស់ម្ចាស់សំណើដែលជាតំណាងអ្នកបើកបរម៉ូតូកង់បី និងតាក់ស៊ីតាមប្រព័ន្ធបច្ចេកវិទ្យា (App) ដើម្បីទាមទារឱ្យ ក្រុមហ៊ុនអ៊ែប (Apps) រួមមមាន៖ ក្រុមហ៊ុនហ្គេប (Grab) ផាស់អ៊ែប (PassApp) ថាដា (Tada) វ៉ាវណាវ (WowNow) ម៉ាកស៊ឹម (Maxim) និងក្រុមហ៊ុនអ៊ូរ (Move) ដើម្បីទាមទារនូវលក្ខខណ្ឌថ្មីចំនួន ៥ចំណុច។ កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

 

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មានយើង ទទួលបាននៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ឱ្យដឹងទៀតថាលក្ខខណ្ឌទាំង០៥ចំណុចរបស់តំណាងអ្នកបើកបរម៉ូតូកង់បី និងតាក់ស៊ីតាមប្រព័ន្ធ បច្ចេកវិទ្យា (App) មានដូចជា៖

 

*ស្នើសុំដំឡើងថ្លៃសម្រាប់កង់បី ចាប់ពី ១.២០០រៀល ក្នុងមួយគីឡូម៉ែត្រ

*ស្នើសុំបញ្ចុះការកាត់កម្រៃជើងសារមកត្រឹម ១២%

*ស្នើសុំឱ្យក្រុមហ៊ុនអ៊ែប ទាំងអស់កាត់កម្រៃជើងសារ និងកំណត់តម្លៃស្មើៗគ្នា

*ក្នុងករណីមានភ្ញៀវប្តឹង ស្នើសុំក្រុមហ៊ុនទាក់ទងសួរនាំអ្នកបើកបរជាមុនសិន មុនពេលផ្អាក ឬបិទ គណនីរបស់អ្នកបើកបរ

*ស្នើសុំឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានជាក់លាក់អំពីភ្ញៀវ រួមមាន៖ ឈ្មោះពិត លេខទូរស័ព្ទពិត និងរូបថតពិត ដើម្បីងាយស្រួលក្នុងការផ្ទៀងផ្ទាត់។

 

ក្រោមកិច្ចសម្របសម្រួលប្រកបដោយសុឆន្ទៈ និងស្មារតីយោគយល់ រវាងខ្មែរ និងខ្មែរ និងដើម្បីលើកកម្ពស់ សាមគ្គីភាពជាតិជាធ្លុងតែមួយលោក ឃួង ស្រេង បានខិតខំបន្សំការស្នើសុំ និងលទ្ធភាពដែលក្រុមហ៊ុន អ៊ែប ទាំងអស់អាចផ្តល់ជូន ព្រមទាំងឈានដល់ការឯកភាពគ្នារវាង ភាគីម្ចាស់សំណើ និងក្រុមហ៊ុនទាំងអស់ ជាច្រើនចំណុចផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *