
(ភ្នំពេញ)៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលជាមរតកដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានលាតត្រដាងជាបណ្តើរៗហើយ បន្ទាប់ពីអង្គការ UNESCO-ICOMOS បានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារទាហ៊ានថៃបានទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ។ នេះបើតាមការលើកឡើងរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)។
តាមរយៈបណ្តាញសង្គម នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ហេង រតនា បានបញ្ជាក់ពីការថ្លែងអរគុណចំពោះអង្គការ UNESCO-ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញនិងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត ។
លោក ហេង រតនា បានបន្ថែមថា អង្គភាព CMAC បានធ្វេីការស្រាវជ្រាវព័ត៌មាន និងការពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ ហេីយបានរកឃេីញថាទាហ៊ានថៃបានទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ លេីតួប្រាសាទ ដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង ៥៦០កន្លែង។ ទន្ទឹមនឹងនេះ ក៏អាចកំណត់បានថា ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារមកលេីប្រាសាទព្រះវិហារនេះ មានផែនការ យុទ្ធសាស្ត្រ យុទ្ធវិធី ការសម្របសម្រួល និងដឹកនាំបញ្ជាការយ៉ាងច្បាស់លាស់ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារដែលមរតកដូនតាខ្មែរនិងជាសម្បត្តិបេតិកភណ្ឌពិភពលកដ៍កម្រនិងកំសត់បំផុតមួយនេះ។
លោក ហេង រតនា មានសង្ឃឹមយ៉ាងមុតមាំថា យុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ ហេីយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត ព្រមទាំងទទួលបណ្តាសារបស់ដូនតាបុព្វបុរសខ្មែរដែលជាអ្នកកសាងប្រាសាទព្រះវិហារសម្រាប់មរតកមនុស្សជាតិនេះ៕