
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំមន្ដ្រី -បុគ្គលិក អ្នកស្ម័គ្រចិត្ដ និងភរិយាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន រួមទាំងសប្បុរសជន ប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៩១អង្គ ដើម្បីថ្វាយព្រះពរដល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មគម្រប់ ៩០យាងចូល ៩១ព្រះវស្សា។ ពិធីនេះបានប្រព្រឹត្ដទៅនាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា គម្រប់៩០ យាងចូល ៩១ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ជាភិយ្យោភាពតរៀងទៅ។
ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែង នូវព្រះរាជកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែប្រកបដោយទសពិធរាជធម៌ គុណធម៌ មនុស្សធម៌ដ៏ថ្លៃថ្លា និងគង់ប្រថាប់ជានិមិត្តរូបដ៏ពិសិដ្ឋក្នុងការគោរពប្រតិបត្តិតាមមាគ៌ាដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា ដើម្បីសន្សំព្រះរាជបុញ្ញកុសលនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងភាពសម្បូរសប្បាយ រុងរឿង ថ្កុំថ្កើង តម្កល់ជាឧត្តមប្រយោជន៍ដ៏មហាធំធេងសម្រាប់សង្គមជាតិ និងប្រជារាស្ត្រកម្ពុជា ជាកូន ចៅ ចៅទួតរបស់ព្រះអង្គដ៏យូរអង្វែងតរៀងទៅ។
ក្នុងឱកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លានេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេសសូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ តេជះព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេស ទេវតាឆ្នាំថ្មីព្រះនាង រាក្យសាទេវី សូមព្រះមេត្តាជួយអភិបាលប្រោសព្រំ គ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ពិធីសូត្រមន្ដ ចម្រើនព្រះបរិត្ដ និងរាប់បាត្រព្រះសង្ឃ ៩១អង្គ ដើម្បីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុត្រចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់៩០យាងចូល ៩១ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននិមន្ដសម្ដេចព្រះសង្ឃ ព្រះសង្ឃនិមន្ដរាប់បាត្រ ៩១អង្គ និមន្ដពីវត្ដ៖
១៖ វត្តមុនីសុវណ្ណ ហៅចំពុះក្អែក (រាជធានីភ្នំពេញ)៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា (ព្រះសង្ឃ ៣២អង្គ)
២៖ វត្តចន្ទបុរីវង្ស (រាជធានីភ្នំពេញ)៖ សម្តេចព្រះពោធិវង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា
៣៖ វត្តមុនីប្រសិទ្ធីវង្ស (រាជធានីភ្នំពេញ)៖ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា
៤៖ វត្តបទុមវតីរាជវរារាម គណៈមហានិកាយ (រាជធានីភ្នំពេញ)៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា (ព្រះសង្ឃ ២៥អង្គ)
៥៖ វត្តលង្កាព្រះកុសុមារាម (រាជធានីភ្នំពេញ)៖ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា (ព្រះសង្ឃ ២៥អង្គ)
៦៖ វត្តមហានន្ទិយនេរញ្ជរារាមនិវេទ ហៅវត្តព្រែកប្រាំង (ខេត្តកណ្តាល)៖ សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សម្តេចព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា
៧៖ វត្តវិមានតេជះ ហៅវត្តស្រះចក (រាជធានីភ្នំពេញ)៖ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា
៨៖ វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន (ខេត្តកណ្តាល)៖ សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភានៃព្រះពុទ្ធសាសនា ព្រះមេគណខេត្តកណ្តាល
៩៖ វត្តឧណ្ណាលោម (រាជធានីភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការ នៃលេខាធិការដ្ឋានគណៈសង្ឃនាយកគណៈមហានិកាយ។