
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តចែករំលែកអត្ថបទវិភាគថ្មីមួយទៀតរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណងជើងថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់លោកដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ខ្ញុំមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណងជើងថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS» ហើយនៅក្នុងការសំណេរវិភាគរបស់លោកសាស្រ្តាចារ្យ បាននិយាយដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។
ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបបន្ថែម។ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើអ្វីដែលោក Akaraphong Khamkhun បានសរសេរៀបរាប់។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖
«ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»
បង្ហោះផ្សាយលើគណនី Facebook : Akkharaphong Khamkhun: ថ្ងៃទី07/06/2026:
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ បានធ្វើការវិភាគលើករណីដែលកម្ពុជាបានផ្ញើលិខិតទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើម ដំណើរការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ឬ UNCLOS។ ក្នុងនោះក៏មានការតែងតាំងអ្នកជំនាញច្បាប់ចំនួន ២រូបជាតំណាង និងទុកពេលឱ្យភាគីថៃស្នើឈ្មោះតំណាង២រូប ក្នុងរយៈពេល៣សប្តាហ៍ ដើម្បីជ្រើសរើសប្រធានមកបំពេញតួនាទីផ្សះផ្សា។
សាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា បានធ្វើការវិភាគដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។
ខ្ញុំបាននិយាយពីរឿងនេះរាប់មិនអស់ឡើយ។ កម្ពុជាគេធ្វើទៅតាមអ្វីដែលបានចែងនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែយើងជាសង្គមដែលសូម្បីតែចំណេះដឹងមូលដ្ឋានអំពី ច្បាប់សមុទ្រក៏មិនទាន់យល់ដឹងផង។
បន្ទាប់មកពួកគេត្អូញត្អែរថា កម្ពុជាដើរហ្គេមលឿនជាង ធ្វើឱ្យថៃត្រៀមខ្លួនមិនទាន់។ ការដែលត្រៀមខ្លួនមិនទាន់នោះ គឺដោយសារតែគ្មានសតិក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ ហើយក្នុងករណីថៃ-កម្ពុជា យើងដោះស្រាយបញ្ហាខុសចំណុចមករហូត។ បញ្ហាកំពុងកើតឡើងនៅព្រំដែនគោក ប៉ុន្តែបែរជាទៅប្រកាសលុបចោលកិច្ចព្រមព្រៀងព្រំដែនទឹក តើវាមានន័យថាម៉េច? វាមានន័យថាយើងមិនទាន់យល់ដឹងអំពីស្តង់ដារនយោបាយអន្តរជាតិទាល់តែសោះ។
យើងជាសង្គមដែលគិតស្រមៃតែម្នាក់ឯង ព្រោះគិតថា កម្ពុជានឹងដើរតាមយើងដោយអាងលើមោទនភាពថា ខ្លួនជាប្រទេសដែលធំជាង មានអំណាចចរចាច្រើនជាង ចង់ធ្វើអ្វីក៏បាន ដែលខ្ញុំគិតថានេះជាមេរៀនដែលសង្គមថៃត្រូវតែរៀនសូត្រ។ មនុស្សជាច្រើននិយាយថា តើយើងដើរមិនទាន់ហ្គេមរបស់កម្ពុជាមែនទេ? វាមិនមែនយើងដើរមិនទាន់ហ្គេមនោះទេ ប៉ុន្តែយើងខ្លួនឯងនៅមិនទាន់ដឹងខ្លួនផងថា តើយើងកំពុងធ្វើអ្វី?
បញ្ហាព្រំដែនគោក ដែលបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០២៥ វាត្រឹមតែជាបញ្ហដែលកើតឡើងនៅតំបន់ Chong Bok ប៉ុណ្ណោះ ប៉ុន្តែសង្គមថៃបែរជានិយាយរាលដាលទៅឆ្ងាយជាបន្តបន្ទាប់ ដោយមិនបានផ្ដោតលើចំណុចជាក់លាក់ឡើយ។ ខ្ញុំសូមនិយាយត្រង់នេះតែម្ដងថា អ្នកដែលស្រែកថា ស្នេហាជាតិប៉ុន្តែគ្មានខួរក្បាល គឺជាអ្នកដែលបំផ្លាញជាតិពិតប្រាកដ។
អ្នកបានយកភាពអគតិផ្ទាល់ខ្លួន និងការស្អប់ខ្ពើមមកធ្វើជាមូលដ្ឋាន ហើយនៅពេលដែលធ្វើអ្វីមិនបានក៏ងាកមកប្រើប្រាស់ហ្គេមបំផ្លាញជនជាតិថៃដូចគ្នា ដោយទាញយកការស្អប់ខ្ពើមរវាងប្រទេសមកធ្វើជាឧបករណ៍។ ខ្ញុំគិតថានេះជាអ្វីដែលសង្គមថៃត្រូវតែងាកមកពិនិត្យមើលខ្លួនឯងឡើងវិញ ជាពិសេសរឿងច្បាប់ ដែលយើងមិនបានគោរពតាមបទដ្ឋានគតិយុត្តទាល់តែសោះ។
ស្ថានការណ៍លើកនេះ បង្ហាញឱ្យឃើញថាសង្គមថៃជាសង្គមដែលខ្វះការយល់ដឹង ញែកមិនដាច់សូម្បីតែកិច្ចសហប្រតិបត្តិការឆ្នាំ១៩៩៥ ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអង្កេត និងការបោះបង្គោលព្រំដែនគោក ឆ្នាំ2000 (MOU 43) ព្រមទាំងយន្តការកម្រិតទ្វេភាគីដ៏សំខាន់របស់ភាគីយោធាចំនួន ២ទៀត រួមមាន គណៈកម្មាធិការព្រំដែនទូទៅ (General Border Committee – GBC) និងគណៈកម្មាធិការព្រំដែនភូមិភាគ (Regional Border Committee – RBC)។
ហេតុដូច្នេះ សម្រាប់ស្ថានការណ៍នេះ យើងកុំស្លន់ស្លោអី។ ថៃបានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីតំបន់ដែលថៃនិងកម្ពុជាទាមទារសិទ្ធិត្រួតគ្នានៅលើបាតសមុទ្រ ឆ្នាំ២០០១ (MOU 44) ដែលកាលពីថ្ងៃទី៥ ខែឧសភា វាបានបង្ហាញថា ភាគីកម្ពុជាបានត្រៀមលក្ខណៈទុកជាមុនរួចរាល់ហើយ និងបានអនុវត្តទៅតាមច្បាប់យ៉ាងត្រឹមត្រូវ។
នៅពេលថៃប្រកាសលុបចោល MOU 44 អ្វីដែលមានចែងនៅក្នុងកថាខណ្ឌ (Article) តាមមាត្រា 83(3) នៅក្នុងអនុសញ្ញា UNCLOS មិនមានលក្ខណៈបច្ចេកទេសដ៏ស្មុគស្មាញដែលថៃមិនបានដឹងនោះទេ ប៉ុន្តែវាគ្រាន់តែទាមទារឱ្យយើងទៅអានច្បាប់ប៉ុណ្ណោះ។
កម្ពុជាគេគ្រាន់តែធ្វើតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់សមុទ្រនៃអនុសញ្ញា UNCLOS មិនមានអ្វីប្លែកឡើយ។ ហើយការដែលកម្ពុជាកំណត់ពេលឱ្យក្នុងរង្វង់ ៣សប្តាហ៍ វាក៏មិនមែនជាអំណាចផ្ដាច់ការរបស់កម្ពុជាដែរ គឺកម្ពុជាគ្រាន់តែនិយាយតាមអ្វីដែលបានចែងក្នុងច្បាប់ យោងតាមខទី៣ នៃឧបសម្ព័ន្ធទី៥ ស្តីពីការបង្កើតគណៈកម្មការផ្សះផ្សាប៉ុណ្ណោះ។
ផ្ទុយទៅវិញ សង្គមថៃមិនព្រមដោះស្រាយបញ្ហា មិនមែនចង់យកឈ្នះលើបញ្ហាទេ ប៉ុន្តែគឺចង់យកឈ្នះលើប្រទេសកម្ពុជា។ ប្រសិនបើចង់យកឈ្នះលើបញ្ហា ថៃមិនធ្វើបែបនេះឡើយ។