ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

(ភ្នំពេញ)៖ លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិការងារ បានចាត់ទុកប្រទេសកម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ប្រទេសហុងគ្រី។

 

លោកឯកអគ្គរដ្ឋទូតហុងគ្រី បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបជម្រាបលាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦។

 

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងហុងគ្រី។ លោកបានគូសបញ្ជាក់ថា ទំនាក់ទំនងនេះ បានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា និងបានប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូដ៏ជិតស្និទ្ធ។ ជាក់ស្ដែងការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជាទំនាក់ទំនងរវាងវិនិយោគិននៃប្រទេសទាំងពីរ គឺស្ដែងឱ្យឃើញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញ និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។

 

លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរថា ហុងគ្រី នឹងនៅតែបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

 

សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងអាណត្តិការទូតរបស់លោក។

 

សម្ដេចមហាបវរធិបតី ក៏បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រី ដែលបាននិងកំពុងបន្តផ្ដល់អាហារូបករណ៍ និងយកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ដើម្បីបន្តចូលរួមចំណែកកសាងធនធានមនុស្សកម្ពុជា។

 

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ គឺពិតជាមានសារៈសំខាន់ តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏មានតួនាទីសំខាន់ដូចគ្នា ក្នុងការជំរុញចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធបន្ថែមទៀត។

 

សម្ដេចមហាបវរធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងសកល។ សម្ដេចមហាបវរធិបតី ក៏បានជំរុញឱ្យកម្ពុជា និង ហុងគ្រី បន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន ឱ្យកាន់តែស្អិតរមួត តាមរយៈការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច ដែលផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា ការគ្រប់គ្រងធនធានទឹក និងកសិ-ឧស្សាហកម្ម ជាដើម។

 

សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រី ស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រោះប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *